25/04/2024
ការកុហកបោកប្រាស់មនុស្សស្លូតត្រង់ វាមិនត្រឹមបង្ហាញថាល្ងង់ខ្លៅប៉ុណ្ណោះទេ ប៉ុន្តែបង្ហាញចិត្តនោះអាក្រក់ណាស់
------------------
១). ការកុហក់បោសប្រាស់គឺជាអំពើអាក្រក់ ជាហេតុនាំទៅរកសេចក្តីវិនាសអន្តរាយ និង ជាការសាងផ្លូវទៅរកគ្រោះមហន្តរាយយ៉ាងពិតប្រាកដ ។ នរណាក៏ចង់ឱ្យគេមានភក្តីភាពចំពោះខ្លួន និង ចង់ឱ្យគេនិយាយពាក្យពិតត្រង់ចំពោះខ្លួន រួមទាំងអ្នកដែលចូលចិត្តដើរកុហកបោកប្រាស់គេនោះផងដែរ ។ ការកុហកនេះ ទោះបីជានិយាយលែងក៏បណ្ដាលឱ្យកើតក្តីវិនាសអន្តរាយដល់ខ្លួនដែរ កុំថាឡើយកុហកបោកប្រាសមែនទែន ។ ក្នុងអក្សរសិល្ប៍ខ្មែរបាននិទានពីបុរសគង្វាលចៀម បានកុហកលែងទៅកាន់អ្នកភូមិថា ជួយផងៗឆ្កែចចកខាំចៀមខ្ញុំហើយ ។ អ្នកឮហើយចេញទៅជួយព្រាតដោយទឹកចិត្តអាណិត បុរសនោះក៏ប្រាប់វិញថា "ខ្ញុំថាលែងទេ" ។ អ្នកស្រុកមានការស្រងាកចិត្តជាខ្លាំង ។ លុះថ្ងៃក្រោយឆ្កែចចកក៏ទៅខាំចៀមរបស់គាត់មែន គាត់បានស្រែករកអ្នកស្រុកឱ្យជួយ ។ ម្តងនេះអ្នកស្រុកស្ងៀមឈឹង ព្រោះគិតថាបុរសនោះកុហកដូចមុន ។ បុរសនោះក៏ដល់នូវក្តីវិនាសអន្តរាយពោលគឺចៀមត្រូវឆ្កែចចកខាំងាប់អស់រលីង ។
២). ទង្វើកុហកបោសប្រាស់ជាអំពើអាក្រក់ស្រាប់ លុះយើងមានចិត្តទៅបោកប្រាស់មនុស្សស្លូតត្រង់ ឬមនុស្សស្មោះត្រង់ និង មនុស្សមានគុណធម៌ថែមទៀត គឺវាពិតជាទង្វើដ៏មហាសែនអាក្រក់ណាស់ ចិត្តនោះសាហាវឃោរឃៅ និង ព្រៃផ្សៃណាស់ ។ ការកុហកបោកប្រាស់បែបនេះ នាំឱ្យមានទោសធ្ងន់ណាស់ប្រៀបដូចជាការកុហកព្រះដូច្នោះដែរ ។ អ្នកមានចំណេះដឹង មានជំនាញ មានទេពកោសល្យ មានវោហារសាស័ព្ទ និង មានបដិភាណល្អ គួរប្រើវាបង្កើតសេចក្តីល្អទាំងចំពោះខ្លួនឯង និង អ្នកដទៃ ពុំគួរយកវាធ្វើជាអាវុធប្រហារខ្លួនឯង និង អ្នកដទៃទេ ។ ចូរកុំយកមាស ឬពេជ្រទៅធ្វើជាសស្រ្តាវុធសម្រាប់ប្រហារជីវិតជនស្លូតត្រង់ ឬមនុស្សល្អ ប៉ុន្តែយកវាទៅច្នែរចនាធ្វើអលង្គារពាក់លម្អប្រាណ ឬធ្វើជាគ្រឿងសក្ការបូជាគុណព្រះរតនត្រ័យ ទើបល្អប្រពៃ ហើយសមនឹងតម្លៃរបស់វា ។ ចូរកុំលុះក្នុងអំណាចលោភខ្លាំងរហូតយកគុណតម្លៃ និង ឧត្តមភាពរបស់ខ្លួនទៅប្តូរដើម្បីបានរបស់ថោកទាបអី ព្រោះការធ្វើដូច្នោះវាពិតជាល្ងង់ខ្លៅណាស់ ។ ធ្វើបែបនេះចាស់ៗថា "អន់ជាអាចម៍មាន់កសិកម្មទៅទៀត" ។ បិតាទីឃាវុកុមារបានផ្តាំដល់ទីឃាវុថាមុនពេលស្តេចទីឃីតិប្រហារជីវិតថា"កូន!ចូរមើលកាលវែង កុំបែងខ្លី" ។ បណ្ដាំនេះបានន័យថា ធ្វើអ្វីក៏ដោយត្រូវគិតដល់ផលដែលត្រូវទទួលវែងឆ្ងាយ កុំមើលតែផលដែលសម្រេចភ្លាម ។ ការកុហកបោកប្រាស់គេ អាចធ្វើឱ្យយើងសប្បាយភ្លាមៗក្នុងរយៈពេលខ្លី ប៉ុន្តែផលនៃការកុហកនោះនឹងត្រូវរងទុក្ខអស់កាលវែងណាស់ ។ ព្រោះហេតុនេះ ទោះបីជានិយាយលែងក្តី ក៏មិនគួរនិយាយកុហកដែរ គួរតែរៀននិយាយពាក្យពិត ពាក្យមានប្រយោជន៍ ពាក្យល្អ ទើបល្អប្រពៃ ហើយវានាំឱ្យបានសុខទាំងអ្នកនិយាយ និង អ្នកស្តាប់ ៕
==============
២៥-០៤-២៥៦៧|២០២៤
ឿម
ឿម