19/07/2024
ដំរីចម្បាំង ប្រៀបដូចជារថក្រោះសម្រាប់កងទ័ពមុនសម័យទំនើប។ ប្រវត្តិសាស្ត្រខ្មែរតាំងពីសម័យកកើតរដ្ឋ រហូតមកដល់សម័យទំនើបបច្ចុប្បន្ននេះ ក៏តែងផ្សារភ្ជាប់ជាមួយដំរីជាប់ឥតដាច់។ បុព្វបុរសប្រើដំរីជាយានចម្បាំងច្បាំងពង្រីកទឹកដី ការពារទឹកដី ជាយានដើរត្រួតកិច្ចការរាជការ ជាគ្រឿងលើកស្ទួយកិត្យានុភាពយោធាជាដើម។
រាប់ពីសម័យអាណាចក្រភ្នំមក ព្រះមហាក្សត្រខ្មែរទ្រង់តែងយកព្រះទ័យទុកដាក់នឹងកិច្ចការបង្កាត់ដំរីស្រុក ទាក់ដំរីព្រៃយកមកបង្វឹកឱ្យក្លាយជាដំរីចម្បាំង ដំរីយុទ្ធ ជាព្រះរាជទីនាំងសម្រាប់ទ្រង់យាងចេញត្រួតកិច្ចការរាជការ សាកសួរសុខទុក្ខអាណាប្រជានុរាស្ត្រ។ នៅសម័យអាណាចក្រភ្នំដដែលនោះ មានរាជធានីមួយឈ្មោះថា វ្យាធបុរៈ គឺនៅម្ដុំបាភ្នំខេត្តព្រៃវែងបច្ចុប្បន្ន តែឯកសារខ្លះថានៅអង្គរបុរីខេត្តតាកែវ។ ពាក្យថាវ្យាធៈនេះ ឯកសារចិនហៅថា តូមូ ដែលត្រូវនឹងពាក្យខ្មែរថា ទម្មាក់ ឬអ្នកទាក់ គឺចង់សំដៅលើអ្នកទាក់ដំរី ដោយហេតុថា ព្រះរាជាខ្មែរនាសម័យនោះគឺសុទ្ធតែមានជំនាញខ្លាំងពូកែក្នុងការទាក់ដំរី បង្វឹកនិងប្រើប្រាស់ដំរីជួយកិច្ចការព្រះនគរ។
មកដល់សម័យចេនឡា និងសម័យអង្គរ ពិសេសគឺនៅសម័យអង្គរ យើងឃើញមានចម្លាក់ដំរីជាច្រើននៅតាមប្រាង្គប្រាសាទ រឿងរ៉ាវជាច្រើនដែលមានជាប់ពាក់ព័ន្ធនឹងដំរីចម្បាំង ព្រមទាំងមានការកត់ត្រាអំពីតួនាទីដំរីក្នុងចម្បាំងសឹកសង្គ្រាមយ៉ាងច្រើន។ នៅដើសម័យអង្គរ គ្រាដែលព្រះមហាក្សត្រតាំងរាជធានីនៅហរិហរាល័យ (ម្ដុំប្រាសាទបាគង) ព្រះបាទជយវម៌្មទី៣ ដែលសោយរាជ្យចាប់ពីឆ្នាំ៨៥០-៨៧៧ ព្រះអង្គសព្វព្រះទ័យនឹងការទាក់ដំរីណាស់ ដើម្បីយកមកបង្ហាត់ឱ្យក្លាយជាសត្វស្រុក និងសម្រាប់ប្រើប្រាស់ក្នុងកិច្ចការសឹកសង្គ្រាម។ ប្រទេសជាតិមានវិស័យយោធារឹងមាំ និងមានគ្រឿងសព្វាវុធខ្លាំងក្លា នោះហើយគឺជាតួនាទីចូលរួមនិងគុណសម្បត្តិរបស់ដំរីចម្បាំងខ្មែរ។
ការរៀបចំរាជធានី ការកសាងរាជធានី សំណង់ប្រាសាទ ហេដ្ឋារចនាសម្ពន្ធសាធារណៈនាសម័យអង្គរនោះ គឺសុទ្ធតែត្រូវការមិនអាចខ្វះបាននូវកម្លាំងអូសទាញរបស់ដំរី ក៏ដូចជាសត្វពាហនៈផ្សេងទៀត។ ក្នុងរាជ្ជកាលព្រះបាទយសោវម៌្មទី១ ដែលព្រះអង្គបានកសាងរាជធានីថ្មីនៅម្ដុំភ្នំបាខែង ក៏សុទ្ធតែមានការចូលរួមរៀបចំកសាងពីសំណាក់កម្លាំងដំរីដ៏ច្រើនអនេក។ ព្រះមហាក្សត្រក្រោយៗដែលជាអ្នកគ្រប់គ្រងចក្រភពខ្មែរនាសម័យនោះ គឺសុទ្ធតែពឹងផ្អែកលើអំណាចយោធា កាន់កងទ័ពដោយព្រះអង្គផ្ទាល់។ មានកិច្ចពិធីជាច្រើនពាក់ព័ន្ធនឹងការទាក់ដំរី ការសង់បន្ទាយសម្រាប់ទ័ពដំរី ការទំនុកបម្រុងដល់ការបង្វឹកដំរីជាដើម។ មន្ត្រីកិច្ចការដំរីមានងារជា «ខ្លោញដំរី»។
គេបានរៀបរាប់ពីការកសាងប្រាសាទអង្គរវត្តក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ ដោយមានភ្ជាប់ជាមួយការប្រើប្រាស់កម្លាំងដំរី អមជាមួយរូបភាពយ៉ាងមមាញឹករបស់ក្រុមដំរីដែលកំពុងអូសទាញថ្មសិលាយកទៅសាងសង់ប្រាសាទដ៏ល្បីល្បាញមួយនេះ។ មកដល់រាជ្យព្រះបាទជយវរ្ម័នទី៧ ព្រះអង្គក៏បានរៀបចំឱ្យមានព្រះលានជល់ដំរីសម្រាប់ត្រួតកងទ័ពមុនពេលចេញច្បាំង និងក្រោយពេលច្បាំងចប់ចូលរាជធានីវិញ។ នៅតាមជញ្ជាំងប្រាសាទបាយ័ន្ត ព្រះបាទជយវរ្ម័នទី៧ក៏បានរំលេចនូវចម្លាក់សង្គ្រាមចម្បាំងជាមួយសត្រូវ ដោយមានការចូលរួមពីទ័ពដំរីដ៏អង់អាចក្លាហាន វាយបំបាក់គូសត្រូវឱ្យបាក់បបខ្លបខ្លាចចេញឆ្ងាយពីដែនព្រះនគរ។
អានបន្ថែមទៀត
https://m.freshnewsasia.com/index.php/en/knowledge/324931-2024-01-13-10-39-05.html