27/05/2024
សូមគោរពជូន រដ្ឋបាលខេត្តស្វាយរៀង
ខ្ញុំបាទ ក្នុងនាមជាអតីតសិស្ស វិទ្យាល័យហ៊ុន សែន ប្រសូតិ ស្នើសុំរដ្ឋបាលខេត្តស្វាយរៀង មេត្តាធ្វើសន្និសីទកាសែត ឬបំភ្លឺ ចំពោះការសម្រចប្តូរកន្លែងបម្រើការងារដោយបង្ខំ របស់លោកគ្រូចំនួន០២រូប គឺលោកគ្រូ អ៊ាង សំអ៉ីម និងលោកគ្រូ កែវ ពណ៌ លើករណីវិវាទរវាងនាយក និងបុគ្គលិកអប់រំ នៃវិទ្យាល័យហ៊ុន សែនប្រសូតិ ក្នុងលិខិតលេខ០៩២/២៤ ល.ស ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តស្វាយរៀង ។
តបតាមកម្មវត្ថុខាងលើ ខ្ញុំបាទមានកិត្តិយស សូមគោរពជម្រាបជូនថា បន្ទាប់ពីរដ្ឋបាលខេត្ត បានចេញលិខិតសម្រេចខាងលើ លោកគ្រូដែលជាសាម៉ីខ្លួន លោកគ្រូអ្នកគ្រូបុគ្គលិកអប់រំ អតីតសិស្ស អាណាព្យាបាលសិស្ស និងសាធារណជនជាច្រើន សម្តែងនូវការខកចិត្ត និងសោកស្តាយ ចំពោះការសម្រេចនេះ ដោយមិនមានតម្លាភាព និងយុត្តិធម៌ ។ ទន្ទឹមនឹងនេះដែរ ការដោះស្រាយនេះ មិនទាន់មានភាពប្រក្រតី ស្របតាមគោលនយោបាយឈ្នះ ឈ្នះ ដោយភាគីម្ខាងនៅតែកើតទុក្ខមិនសុខចិត្ត ។
ពាក់ព័ន្ធនឹងករណីខាងលើ សូមរដ្ឋបាលខេត្ត មេត្តាធ្វើសន្និសីទកាសែត ឬបំភ្លឺ ដោយលើកឡើងពីឫសគល់នៃបញ្ហា ឬកំហុស និងដំណោះស្រាយសមស្របតាមលក្ខណៈវិទ្យាសាស្ត្រ ដោយមានការចូលរួម សំនួរ ចម្លើយ មតិយោបល់ និងសំណូមពរ ពីគូវិវាទ បុគ្គលិកអប់រំគ្រប់រូប អតីតសិស្ស អាណាព្យាបាលសិស្ស និងសាធារណជនទាំងអស់ ដើម្បីស្វែងរកសច្ចភាព និងប្រសិទ្ធិភាព នៃដំណោះស្រាយ ។
ដោយក្តីគោរព !